(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)អបអរសាទពិធីបុណ្យអុំទូកថ្ងៃទី១ក្នុងការចាប់ផ្តើមដំណើការដោយស្នាមញញឹមសន្តិភាព

ចេញផ្សាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩

ខេត្តសៀមរាប: នៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សូរ​ ប្លាតុង អភិបាលស្រុកប្រសាទបាគង និងភរិយា បានចូលរួម ជាភ្ញៀវកិត្តិយស ក្នុងពិធីប្រកាសបើកកម្មវិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប ត្រូវបានប្រារព្ធ ធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាបផងដែរ។

នៅថ្ងៃទី១ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងក្រុងសៀមរាបនេះ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកពីតាមបណ្ដាស្រុក និងខេត្តផ្សេងៗ រួមទាំងភ្ញៀវទេសចរអន្តរជាតិ ជាច្រើន បាននាំគ្នាមកដើរលេងកម្សាន្ដនៅតាមបណ្តោយស្ទឹងសៀមរាប ចាប់ពីអតីតស្ពានមន្ទីរទេសចរណ៍ខេត្តសៀមរាប រហូតដល់ស្ពានវត្តដំណាក់ ដោយមិនមានការភ័យខ្លាច ថែមទាំងសប្បាយរីករាយក្រោមម្លប់សន្ដិភាព។

ដោយឡែកនៅតាមដងវិថី នាៗ ក្នុងក្រុងសៀមរាប ក៏បានរៀបចំ និងតុបតែង សោភ័ណភាព យ៉ាងស្រស់ស្អាត ជាពិសេសកម្លាំងសមត្ថកិច្ចជាច្រើនរយនាក់ក៏ត្រូវបានដាក់ពង្រាយដើម្បី រក្សាសន្តិសុខ ជូនបងប្អូន ប្រជាពលរដ្ឋ ដែលអញ្ជើញមកកំសាន្ត ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០១៩ ផងដែរ។