(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)រដ្ឋសភាកម្ពុជា និងបង់ក្លាដេសពង្រឹងទំនាក់ទំនងក្នុងការជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យនៃប្រទេសទំាងពីរ

ចេញផ្សាយថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ បណ្ឌិត ហ្ស៊ីរិន ហ្សាមិន ចាវយូរី (Shirin Sharmin Chaudhury )ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទំាងពីរឱ្យរឹងមាំឡើងថែមទៀត ជាអាទិ៍ វិស័យអប់រំ វប្បធម៌ ពាណិជ្ជកម្ម កសិកម្ម ការកាត់បន្ថយភាពក្រីក្រ ការទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ ជាពិសេសទំនាក់ទំនងរវាងប្រជាជាតិទាំងសងខាង។

ការជំរុញកិច្ចសហប្រតិបត្តិការនេះ បានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារ ខណៈលោកជំទាវប្រធានរដ្ឋសភា បានចូលជួបសម្តែងការគួរសម ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ ២០១៩ ។

កម្ពុជា និងបង់ក្លាដេស បានភ្ជាប់ទំនាក់ទំនងគ្នា នៅឆ្នាំ១៩៧៣។ ជាទំនាក់ទំនងដែលបង្កើតឡើង ដោយព្រះករុណាព្រះបាទសម្តេចព្រះបរមរតនៈកោដិ្ឋ នរោត្តម សីហនុ អតីតប្រមុខរដ្ឋនៃកម្ពុជា និងអតីតប្រធានាធិបតីបង់ក្លាដេស ឯកឧត្តម សេក្ខ មូជីបួរ រ៉ាម៉ាន់។ ហើយឆ្នាំ២០២០ខាងមុខប្រទេសបង់ក្លាដេសនឹងប្រារព្ធខួបទំនាក់ទំនងប្រទេសទំាងពីរ កម្ពុជា-បង់ក្លាដេស ដែលក្នុងឱកាសនោះ ក៏មានកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់មហាវិថីដែលមានចារឹកឈ្មោះ ព្រះប្រមុខរដ្ឋកម្ពុជា នៅប្រទសបង់ក្លាដេស និងវិថីដែលមានឈ្មោះប្រមុខរដ្ឋបង់ក្លេដេសនៅកម្ពុជាផងដែរ។

លោកជំទាវបណ្ឌិត ហ្ស៊ីរិន ហ្សាមិន ចាវយូរី បានស្នើសុំសម្តេចប្រធានរដ្ឋសភាជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភាប្រទេសទំាងពីរឱ្យបានញឹកញាប់ ជាពិសេសក្រុមមិត្តភាព។ ជាមួយគ្នានេះ លោកជំទាវបានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបង់ក្លាដេសតាមពេលសមស្របណាមួយ។

សម្តេចប្រធានរដ្ឋសភាបានទទួលសំណើខាងលើ និងបានអបអរសាទរចំពោះសមិទ្ធផល ដែលសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស សម្រេចបានក្រោមការដឹកនាំរបស់លោកជំទាវ សេក្ខ ហា ស៊ីណា នាយករដ្ឋមន្រ្តី និងលោកជំទាវផ្ទាល់ ជាប្រធានរដ្ឋសភា ដែលបានធ្វើឱ្យបង់ក្លាដេស ស្ថិតក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតលើពិភពលោក។

សម្តេចប្រធានបានមានប្រសាសន៍ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អនៃប្រទេសទំាងពីរ មិនត្រឹមតែនាំមក នូវឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងសងខាងប៉ុណ្ណោះទេ គឺរួមចំណែកដល់ការ ការពារ និងថែរក្សាសុខសន្តិភាពក្នុងតំបន់ និងសកលលោកផងដែរ។