
(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)ចាប់ខ្លួនបុរស និងស្ត្រីម្នាក់ ពាក់ព័ន្ធបទល្មើសលក់ព្រហ្មចារីក្មេងស្រី ឲ្យជនបរទេស
ចេញផ្សាយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩
ភ្នំពេញ៖ ស្ត្រីចំណាស់ម្នាក់ និងបុរសម្នាក់ ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្សក្នុងប្រទេស ចាប់ខ្លួនបញ្ជូនឡើងតុលាការ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធករណីលួងលោមក្មេងស្រីៗអាយុ១៣ឆ្នាំ ១៤ឆ្នាំ ១៥ឆ្នាំ លក់ខ្លួនឲ្យជនបរទេស នៅតាមសណ្ឋាគារ។
ជនសង្ស័យ ដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ អ៊ឹម សុផល ហៅយាយមី អាយុ៧៥ឆ្នាំ និងឈ្មោះ ព្រឿង ចាន់ ភេទប្រុស អាយុ៤៥ឆ្នាំ។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្ទះលេខ ១៨៤ ផ្លូវលេខ៤៥០ ភូមិ១ សង្កាត់ ទួលទំពួង ខណ្ឌចម្ការមន។
ពាក់ព័ន្ធការចាប់ខ្លួន ខាងលើនេះ តាមចម្លើយសារភាពរបស់យាយមី បានឲ្យដឹងថា គាត់ពិតជាបាននាំក្មេងស្រី ឲ្យទៅរួមភេទជាមួយភ្ញៀវ នៅតាមផ្ទះសំណាក់ សណ្ឋាគារ ដោយទទួលបានប្រាក់ចំនួន ១០០ដុល្លារ ហើយខ្លួនដកយកតែ ១០ដុល្លារ ឲ្យទៅក្មេងស្រី៩០ដុល្លារ តាមតម្រូវការរបស់ភ្ញៀវ ១ថ្ងៃម្ដង ឬ ២ថ្ងៃម្ដង ដោយជិះផាសអាប់ នាំក្មេងស្រីទៅប្រគល់ឲ្យឈ្មោះ ឆាង ដែលជាអ្នកទាក់ទងភ្ញៀវ តាមសណ្ឋាគារនានា។
ចំណែកឈ្មោះ ព្រឿង ចាន់ បានសារភាពថា ខ្លួនជាអ្នកទាក់ទងភ្ញៀវតាមសណ្ឋាគារ ជាមួយឈ្មោះ ឈុន ប៊ុនឆាង ហៅ ឆាង ដើម្បីផ្ដល់សេវាផ្លូវភេទ ដែលយាយមី នាំមក ដោយក្នុងមួយម៉ូយខ្លួនអាចបានប្រាក់កម្រៃ ១០០ដុល្លារទៅ ១៥០ដុល្លារ ចែកគ្នាស្មើជាមួយឈ្មោះ ឆាង នោះ។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបអំពើលក់ដូរក្មេងស្រីនេះ សមត្ថកិច្ចក៏បានរំដោះក្មេងស្រី៣នាក់ផងដែរ ក្នុងនោះមានម្នាក់អាយុ១៣ឆ្នាំ ម្នាក់ទៀតអាយុ១៤ឆ្នាំ និងម្នាក់ទៀតអាយុ១៥ឆ្នាំប៉ុណ្ណោះ។ ពួកគេសុទ្ធតែជាក្មេងស្រីមិនទាន់គ្រប់អាយុ ដែលអាណាព្យាបាល នាំមកឲ្យធ្វើការរត់តុកាហ្វេ នាក្រុងភ្នំពេញ ហើយក៏ត្រូវក្រុមមនុស្សចាស់ ឆ្លៀតឱកាសបោកបញ្ឆោតឲ្យលក់ខ្លួន លក់ព្រហ្មចារីឲ្យភ្ញៀវ នៅតាមសណ្ឋាគារនានា។ រឿងក្ដីនេះ ព្រះរាជអាជ្ញាអមតុលាការកំពុងសាកសួរជនសង្ស័យនៅឡើយ៕ដោយ:ភ្នាក់ងារ