(គេហទំព័រសាព័ត៌មាន ស្ម័គ្រជាតិ)ហួសហេតុពេកហើយ ! ថៃចូលមកទឹកដីកម្ពជា គំរាម មន្ត្រីកម្ពុជាឲ្យរុះរើម៉ាស៊ីនស្គែនមេរោគខ្នាតធំរបស់ក្រុមគ្រូពេទ្យចត្តាឡីស័កចេញ ដែលនៅលើដីខ្មែរ

ចេញផ្សាយថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០

ខេត្តឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរថៃ បានមកពិនិត្យកន្លែងដាក់ម៉ាស៊ីនស្គែនមេរោគខ្នាតធំរបស់ក្រុមគ្រូពេទ្យចត្តាឡីស័កកម្ពុជា នៅក្នុងទឹកដីខ្មែរ ត្រង់ចំណុចព្រំដែនច្រកទ្វារអូរស្មាច់ក្រុងសំរោង ហើយពេលនោះ មន្ត្រីថៃទាំងនោះ បានឲ្យភាគីកម្ពុជា រុះរើកន្លែងដាក់ម៉ាស៊ីនស្គែនមេរោគនេះ ចេញ ពុំនោះទេ ភាគីថៃនឹងបិទច្រកទ្វារអន្តរជាតិអូរស្មាច់ ចោលទាំងស្រុង ។

មន្ត្រីខ្មែរប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ បានឱ្យដឹងថា មានក្រុមការងារទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ប្រចាំទីតាំងទី២ របស់ភាគីប្រទេសថៃ ចំនួន៤នាក់ បានចុះមកត្រួតពិនិត្យកន្លែងដាក់ម៉ាស៊ីនស្គែនមេរោគខ្នាតធំរបស់កម្ពុជា នៅមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់របស់ក្រុមគ្រូពេទ្យចត្តាឡីស័កកម្ពុជា ដែលអាជ្ញាធរកម្ពុជា បានសាងសង់កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុច UA (60 305-95868) ។ ក្នុងពេលនោះ ភាគីថៃ បានឲ្យភាគីកម្ពុជា រុះរើកន្លែងដាក់ម៉ាស៊ីនស្គែនមេរោគនេះចេញ បើពុំនោះទេ ភាគីថៃនឹងបិទច្រកទ្វារឈប់ឱ្យមានការផ្លាស់ប្តូរទំនិញចេញ-ចូល តែយ៉ាងណា ភាគីកម្ពុជា មិនយល់ព្រមឡើយ ។

លោកហួ តារារិទ្ធ ប្រធានច្រកទ្វារអន្តរជាតិអូរស្មាច់ បានបញ្ជាក់ថា ការគំរាមរបស់ភាគីថៃបែបនេះ មិនមានប្រយោជន៍ឡើយ គឺភាគីកម្ពុជា យើងមិនបានធ្វើតាមទេ ព្រោះវាស្ថិតនៅក្នុងទឹកដីកម្ពុជា ។ កម្ពុជា មានសិទ្ធិអ្វីគ្រប់យ៉ាងនៅលើទឹករបស់ខ្លួន មិនអាចឲ្យបរទេសណាមកជ្រៀតជ្រែតបានទេ៕ប្រភពហ្វេសបុក