(គេហទំព័រសារព័តមាន ស្ម័គ្រជាតិ)មេឃុំគេចខ្លួនបាត់​ នៅពេលពលរដ្ឋជាង​ ៥០នាក់​ ក្នុងចំណោម​ ៧០គ្រួសារ​ មកសាលាឃុំចុងកាល់​ អោយមេឃុំជួយរកដំណោះស្រាយរឿងលោកធំ​ ឈូសឆាយយកដីស្រែចំការពួកគាត់

ចេញផ្សាយថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០
ដោយ: សួន ចំណាប់

ខេត្តឧត្ដរមានជ័យ​ ៖ ពលរដ្ឋជាង​ ៥០នាក់​ ក្នុងចំណោម​ ៧០គ្រួសារ នៅថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០២០ មកពីភូមិបាក់វែក ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ​ បានមកសាលាឃុំចុងកាល់​ ដើម្បីអោយអោយលោកមេឃុំជួយដោះស្រាយ រឿងក្រុមយោធា​ បានដាក់គ្រឿងចក្រ​ ០៥គ្រឿង​ ឈូសឆាយរំលោភយកដី បែជាលោកមេឃុំ​ ជិះម៉ូតូគេចបាត់ សូម្បីតែសួរសុខទុក្ខពលរដ្ឋមួយមាត់​ ក៏គ្មានផង។

ពលរដ្ឋទឹកភ្នែក និងស្រែកថា​ អយុត្តិធម៌ណាស់ ដីស្រែចំការរបស់ខ្លួន និងដីព្រៃរដ្ឋរាប់ពាន់ហិកតា ត្រូវបានយោធានៅកងពលលេខ៤១​ និងកងពលលេខ៤២ ដាក់គ្រឿងចក្រអេស្កាវ៉ាទ័រ​ កាយរានព្រៃរំលោភយក។

ពលរដ្ឋ​ សូមអំពាវនាវ ដល់សម្ដេចតេជោ​ ហ៊ុន សែន ជួយដល់ពួកគាត់ផង ព្រោះពួកគាត់ប្រឈមនឹងការបាត់បង់ដីស្រែចំការ​ សំរាប់បង្កបង្កើនផល​ ចិញ្ចឹមជីវិតហើយ ដោយអ្នកមានអំណាច​ នៅខេត្តឧត្ដរមានជ័យ​ រំលោភយកទាំងអស់។

លោកមេឃុំចុងកាល់​ បានអោយដឹងថា​ គ្រឿងចក្រចូលកាយដីព្រៃ​ ជារបស់កងពលលេខ៤២ លោកឧ្ដមសេនីយ៍​ ប៉ែន វ៉យ និងកងពល៤១​ របស់លោកឧត្ដមសេនីយ៍ទោ​ នាង ឃីម។​ លោក រិទ្ធ ប៉ាក់ អភិបាលស្រុកចុងកាល់​ បានអោយដឹងថា ដីដែលពលរដ្ឋចោទថា​ ជាដីរបស់គាត់​ ត្រូវបានគេរំលោភយកនោះ​ គ្មានទេ គឺដីនោះ​ អតីតជាដីរបស់ក្រុមហ៊ុនទន្លេស៊ូគ័រ ចំនួន ៦០០០ហិកតា​ (ប្រាំមួយពាន់ហិកតា) សម្បទានសង្គមកិច្ចគ្រួសារអតីតយុទ្ធជនអស់​ ២៦០០ហិកតា​ (ពីរពាន់ប្រាំមួយរយហិកតា)​ និងរៀបចំភូមិជូនពលរដ្ឋស្រះកែវ​ មួយពាន់ជាងហិកតា។ លោកបានបញ្ជាក់ថា​ គ្មានដីពលរដ្ឋនៅតំបន់នោះទេ។

ចំណែកពលរដ្ឋ​ បានបញ្ជាក់ថា​ ដីដែលពួកគាត់កាន់កាប់​ និងអាស្រ័យផល​ ត្រូវបានអ្នកមានអំណាចឃុបឃិតគ្នា​ រំលោភយកនោះ មិនស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍គ្រួសារអតីតយុទ្ធជននោះឡើយ គឺនៅខាងក្រៅ ព្រោះគាត់ធ្លាប់ចូលរួមមើលការកំណត់ក្នុងផែនទីនោះដែរ។

សេចក្ដីរាយការណ៍បន្តថា​ ដីនៅតំបន់នោះ​ គឺអតីតរបស់ក្រុមហ៊ុនទន្លេស៊ូគ័រ ប្រគល់ជូនរាជរដ្ឋាភិបាលវិញ ក្រោយមករដ្ឋាភិបាលប្រគល់អោយក្រសួងកសិកម្ម ក្រសួងប្រគល់អោយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ​ ជាអ្នកគ្រប់គ្រង និងអោយស្ថានីយផ្សព្វផ្សាយដាំកូនឈើឡើងវិញ។​ រហូតមកដល់ពេលនេះ កំពុងល្បីថា​ ត្រីងៀតតឈ្លៀតពង ត្រីក្នុងស៊ងកំពុងឈ្លៀតបណ្ដើរកូន ព្រោះអ្នកមានអំណាច​ នៅក្នុងខេត្តឧត្ដរមានជ័យមួយចំនួនធំ កំពុងបំផ្លិចបំផ្លាញព្រៃឈើយកដីចែកគ្នា។

ព័ត៌មានលំអិត​ ចំពោះអ្នកមានអំណាចយកដីនៅតំបន់ខាងលើ​ និងបង្ហាញឈ្មោះនៅវគ្គក្រោយ​ ៕ដោយៈ សួន ចំណាប់ គេហទំព័រ ស្ម័គ្រជាតិ