(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)សូមឯកឧត្ដម​ ជា​ សុផារ៉ា និងឯកឧត្ដម លឹម គានហោ​ ជួយធ្វើការស៊ើបអង្កេត​ លើដីលិចទឹករបស់រដ្ឋផងទាន ដែលកំពុងល្បីថា​ ចៅហ្វាយស្រុកចុងកាល់ និងមេឃុំចុងកាល់​ ឃុបឃិតគ្នា​ លក់រាប់រយហិកតា​ អោយទៅឯកឧត្ដម​ គោ ស៊ុមសារឿត អតីតចៅហ្វាយខេត្តបន្ទាយមានជ័យ

ចេញផ្សាយថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២០
ដោយ: សួន ចំណាប់

ខេត្តឧត្ដរមានជ័យ​ ៖ សូមឯកឧត្ដមទេសរដ្ឋមន្រ្ដី​ ជា​ សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី​ ​និងឯកឧត្ដម​ លឹម គានហោ រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម​ ដាក់ការស៊ើបអង្កេត និងមានចំណាត់ការ នៅលើដីលិចទឹករបស់រដ្ឋ នៅចំណុចបាក់សំណរ ក្នុងភូមិបាក់វែក ឃុំចុងកាល់ ស្រុកចុងកាល់​ ខេត្តឧត្ដរមានជ័យ​ ព្រោះសព្វថ្ងៃនេះ​ កំពុងល្បីថា​ លោក រឹទ្ធិ​ ប៉ាក់ ចៅហ្វាយស្រុកចុងកាល់ និងលោក​ គុយ វណ្ណា មេឃុំចុងកាល់ បានឃុបឃិតគ្នា​ លក់ដីលិចទឹករបស់រដ្ឋនៅចំណុចខាងលើ​ រាប់រយហិកតា អោយទៅលោក គោ ស៊ុមសារឿត អតីតចៅហ្វាយខេត្តបន្ទាយមានជ័យ។

ដើម្បីធានាបាននូវការថែរក្សារការពារសម្បត្តិរដ្ឋទាំងដីព្រៃឈើ និងដីលិចទឹក​ អោយបានគង់វង្ស សូមឯកឧត្ដម​ទាំងពីរ គួរតែមានចំណាត់ការឲ្យបានទាន់ពេលវេលាផងទាន​ បើក្រសួងពាក់ព័ន្ធ មិនយកចិត្តទុកដាក់ និងគ្មានវិធានការទេនោះ​ ដីរបស់រដ្ឋរាប់រយហិកតា នៅតំបន់ខាងលើ​ នឹងធ្លាក់ចូលក្នុងកណ្ដាប់ដៃអ្នកមានអំណាច ហើយដីរដ្ឋជាច្រើនរយហិកតាទៀត​ នៅជុំវិញតំបន់ទីនោះ ក៏ប្រឈមនឹងការបាត់បង់​ទាំងអស់​ ករណីនេះ នឹងក្លាយទៅជាជំងឺមហារីក និងមិនអាចព្យាបាលបាន។

ជុំវិញរឿងរាវខាងលើ​នេះដែរ​ លោក​ រឹទ្ធិ ប៉ាក់ ចៅហ្វាយស្រុកចុងកាល់ បានឲ្យដឹង​ នៅថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២០នេះ​ ថា​ រឿងនេះ​ យូរមកហើយ និងមានការពាក់ព័ន្ធ​ ជាមួយឯកឧត្ដម​ ឃិន​ ញ៉ាន អភិបាលរងខេត្ដផងដែរ។ ប៉ុន្តែ​ ឯកឧត្ដម​ ឃិន​ ញ៉ាន​ បានបដិសេធថា​ លោកមិនមានការពាក់ព័ន្ធទេ។ រីឯលោកមេឃុំចុងកាល់​ បានបញ្ជាក់ថា​ បានទិញពីប្រជាពលរដ្ឋ​ ដោយមានការព្រមព្រៀងគ្នាឯកភាព​ ផ្តិតមេដៃទទួលស្គាល់។ ចំណែកលោក​ ញើន គួន ប្រធានមន្ទីរធនធានទឹក​ ថា​ ដីនោះ​ ជាដីលិចទឹក​ និងមានព្រៃស្មោងដុះ ពីមុនមិនទាន់កសាងទំនប់ទឹកអាតោ គឺជាតំបន់លិចទឹក។ ឯលោក​ សូត្រ​ ស៊ីសុខឃៀង ប្រធានមន្ទីរកសិកម្ម បានឲ្យដឹងដែរថា​ ដីនោះជាដីលិចទឹក​ ជាទ្រនាប់បឹង ជាដីរបស់រដ្ឋ ដែលមិនអាចធ្វើការទិញលក់បាន​ ៕​ដោយៈ សួន ចំណាប់ គេហទំព័រស្ម័គ្រជាតិ