(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូល កាន់មុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ

ចេញផ្សាយថ្ងៃទី១០ខែសីហាឆ្នាំ២០២០

ទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាស ចូលកាន់មុខតំណែងអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ពន្ធនាគាររាជធានី-ខេត្ត ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

សូមជម្រាបថា ឯកឧត្តម ឆែម សាវុធ ឋានន្ដរស័ក្តិឧត្តមអគ្គានរក្សថ្នាក់លេខ១ ត្រូវបានប្រកាសឱ្យចូល កាន់មុខតំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ជំនួសឯកឧត្តម នាយឧត្តម សេនីយ៍ សន្តិបណ្ឌិត ចាន់ គឹមសេង ដែលត្រូវបានព្រះមហាក្សត្រត្រាស់ បង្គាប់តែងតាំងមុខតំណែងថ្មី ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ចាន់ គឹមសេង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអានរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារថា ការការគ្រប់គ្រងពន្ធនាគារ នាពេលកន្លងទៅ សម្រេចបានដូចជា ការគ្រប់គ្រងពន្ធនាគារតាមបទដ្ឋានធានាបានសន្ដិសុខសុវត្ថិភាព និងមនុស្សធម៌, រក្សាបាននូវសន្ដិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ពន្ធនាគារ, បង្ការទប់ស្កាត់ប្រកប ដោយសុវត្ថិភាព ហើយទប់ស្កាត់របស់ហាមឃាត់ចូលក្នុងពន្ធនាគារ ដើម្បីយកប្រព្រឹត្តិបទល្មើស ផ្សេងៗ។

ឯកឧត្តមបន្ដថា បានការពារសុវត្ថិភាពការដឹងជញ្ជូនអ្នកជាប់ពន្ធនាគារ ពីពន្ធនាគារមួយ ទៅពន្ធនាគារ មួយទៀត ដើម្បីសម្រាលភាពចង្អៀតណែ ក៏ដូចជា ការដឹកជញ្ជូនជនជាប់ឃុំទៅកាន់សាលាជម្រះក្ដីគ្រប់ ថ្នាក់ ហើយទៅពិនិត្យព្យាបាល និងសង្គ្រោះបន្ទាន់ចំពោះអ្នកជំងឺក្នុងពន្ធនាគារ។

បន្ទាប់មកទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក៏បានអញ្ជើញអាននូវព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម ឆែម សាវុធ ឋានន្ដរស័ក្តិឧត្តមអគ្គានរក្សថ្នាក់លេខ១ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ប្រកាសជូនសាម៉ីខ្លួន និងអង្គពិធីទាំងមូលបានជ្រាប់ពីព្រះរាជក្រឹត្យតែងតាំងមុខតំណែងអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដើម្បីទទួល និងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

ក្រោយពីការប្រគល់ព្រះរាជក្រឹត្យ និងត្រាដោយ សម្ដេចក្រឡាហោម ស ខេង រួច ឯឧត្តម ឆែម សាវុធ ក៏បានឡើងធ្វើសេចក្តីរាយការណ៍ និងប្តេជ្ញាចិត្តថា ទី១-ប្ដេជ្ញាចិត្តអនុវត្តឲ្យបានម៉ឹងម៉ាតចំពោះ រដ្ឋធម្មនុញ្ញ និងគោលណែនាំនានារបស់រាជរដ្ឋាភិបាល និងរបស់ក្រសួងមហាផ្ទៃ ទី២-ប្ដេជ្ញាអនុវត្តគ្រប់គ្រងឲ្យបានជោគជ័យកម្មវិធីនយោបាយដំណាក់កាលទី៤ ឲ្យមានប្រសិទ្ធិភាព ទី៣-ប្ដេជ្ញាគោរពនិងអនុវត្តណែនាំ និងបង្ហាញនិងផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ក៏ដូចជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីគ្រប់គ្រង និងដឹកនាំដោយប្រសិទ្ធភាព តម្លាភាព ទី៤-ប្ដេជ្ញា ប្រកាន់ភ្ជាប់នូវគុណសម្បត្តិ៤យ៉ាង ឆន្ទះ ម្ចាស់ការ មនសិការ និងវប្បធម៌សេវាសាធារណៈ និងទី៥-ប្ដេជ្ញាពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ជាដើម។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានផ្ដាំផ្ញើ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែប្រែ និងពន្ធគារទូទាំងប្រទេស ដែលបានខិតខំរួមគ្នាបំពេញការងារយ៉ាងសកម្ម តស៊ូជម្នះរាល់គ្រប់ការលំបាក ពុះពារសម្រេចបានសមិទ្ធផលនានាជាច្រើន។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ក៏បានណែនាំថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត បន្ដខិតខំពុះពារជម្នះលើការលំបាកនានាជាបន្ដទៀត ជាពិសេស ការងារ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដែលកំពុងតែគំរាមកំហែងដល់សុខភាពសាធារណជាសកល ដើម្បីឲ្យអង្គភាពពន្ធនាគារ ទទួលបាននូវភាពជោគជ័យ និងស្នាដៃថ្មីៗបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានរៀបរាប់ថា «មានមន្ដ្រីខ្លះគាត់ពឹងទៅលើសំណើ ឬមួយរត់ការ ដើម្បីទទួលបានតំណែងថ្មី ការធ្វើដូចនេះគឺខុស កាលណាយើងរត់ការប្រៀបដូចយើងមិនទុកចិត្តខ្លួនឯង និងមិនទុកចិត្តការវាយតម្លៃរបស់ថ្នាក់ដឹកនាំ ចឹងហើយពឹងទៅលើការរត់ការ ខ្ញុំគិតថា យើងធ្វើចឹងមិនល្អទេ កុំនាំគ្នាធ្វើចឹង ត្រូវប្រឹងប្រែងធ្វើការងារទើបជាការល្អ»៕

ប្រភពដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា