(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)សកម្មភាពចរាចរបទល្មើសឈើក្រញូងរបស់ឈ្មោះ ខ្វៀង ធីម៉ៃ និងឈ្មោះ អាំង មករា កំពុងកក្រើកនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងតំបន់សឹករងខេត្តឧត្ដរមានជ័យ

ចេញផ្សាយថ្ងៃទី១៣ខែសីហាឆ្នាំ២០២០
ដោយ=សួន ចំណាប់

ខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ មានសេចក្ដីរាយការណ៍មកថា សកម្មភាពចរាចរបទល្មើសឈើក្រញូង របស់មេឈ្មួញស្ដ្រី ជាជនជាតិវៀតណាម និងលោក អាំង មករា ជាមន្រ្ដីយោធានៅកងពលធំលេខ២ បានកក្រើកឡើងយ៉ាងខ្លាំង នៅតំបន់សឹករង នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងខេត្តឧត្ដរមានជ័យ។

សេចក្ដីរាយការណ៍ បានបន្ដថា មេឈ្មួញទាំង ០២រូបខាងលើ បានចាប់ដៃគ្នា ប្រមូលទិញ និងដឹកជញ្ជូនឈើប្រណិតឆ្លងដែន នៅតំបន់សឹករងត្រពាំងប្រាសាទ និងសឹករងអន្លង់វែង និងដឹកជញ្ជូនយកមកស្តុបកាត់អាជ្រៀក នៅក្នុងភូមិទំនប់លើ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ និងដឹកជញ្ជូនបន្តទៅប្រទេសវៀតណាម តាមច្រករបៀង ចំនួន ០២ គឺច្រក កំពង់រោ ទិ៍ (វៀតណាមបិនហ៊ីប) និងច្រកចន្ទ្រា ក្នុងខេត្ត ស្វាយរៀង។

រហូតមកដល់ពេលនេះ សកម្មភាពប្រមូលទិញ និងដឹកជញ្ជូនឈើ របស់ឈ្មួញល្បីឈ្មោះ អាំង មករា និងឈ្មោះ ខ្វៀង ធីម៉ៃ នៅតាមបន្ទាត់ព្រំដែន នៅតែបន្តយ៉ាងរលូន មិនទាន់ឃើញមានការទប់ស្កាត់ ឬបង្ក្រាបពីសំណាក់លោកវរៈសេនីយ៍ឯក ស៊ុន បូរ៉ាន់ មេបញ្ជាការសឹករងស្រុកត្រពាំងប្រាសាទ និងលោកវរៈសេនីយ៍ឯក ភោគ ភន មេបញ្ជាការសឹករងស្រុកអន្លង់វែង និងលោកឧត្ដរមសេនីយ៍ត្រី តុន ញាន មេបញ្ជាការសឹករងខេត្តឧត្ដរមានជ័យ នៅឡើយទេ។

ប្រសិនបើមេបញ្ជាការទាំង ៣រូបខាងលើ មិនបង្ក្រាប ឬក៏មិនមានវិធានការណាមួយទៅលើសកម្មភាព មេឈ្មូញឈើឆ្លងដែនខាងលើនោះទេ អាចបញ្ជាក់បានថា ប្រហែលជាមានការឃុបឃិត និងត្រូវរ៉ូវគ្នាអស់ទៅហើយ និងមានការបណ្ដែតបណ្ដោយ បង្កអោយមានការកើតមានអសន្តិសុខ នៅតាមខ្សែបន្ទាត់ព្រំដែន ដែលពលករភាគច្រើនឈ្លក់វង្វេងនិងគ្រឿងញៀន ត្រូវសមត្ថកិច្ចថៃចាប់ដាក់ពន្ធនាគា និងបាញ់បង្កអោយរងរបួស ឬស្លាប់បាត់បង់ជីវិតជាដើម។ ជាក់ស្ដែង ថ្មីៗនេះ ត្រូវបានសមត្ថកិច្ចថៃ ចាប់ពលករខ្មែរឆ្លងដែនចូលកាប់ឈើក្រញូងក្នុងទឹកដីថៃ ដើមហេតុមកពីមេឈ្មួញទាំង ០២ខាងលើ ក៏ថាបាន។

ជុំវិញករណីខាងលើ លោកឧត្ដមសេនីយ៍ត្រី តុន ញៀន បានអោយដឹងថា លោកមិនបានដឹងទេ ហើយលោកក៏បានអរគុណ ចំពោះការផ្ដល់ព័ត៌មានមួយនេះ។ លោក ស៊ុន បូរ៉ាន់ លោកថា លោកពិតជាមិនបានដឹងរឿងសកម្មភាពរបស់ឈ្មួញខាងលើពិតប្រាកដមែន បើដឹង លោកនឹងចាត់ការភ្លាមៗ៕ដោយៈ សួន ចំណាប់ គេហទំព័រស្ម័គ្រជាតិ