(គេហទំព័រសារព័ត៌មាន ស្ម័គ្រជាតិ)កិច្ចប្រជុំផ្សព្វផ្សាយអំពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយខេត្តសៀមរាប

ចេញផ្សាយថ្ងៃទី៣១ខែសីហាឆ្នាំ២០២០
ដោយ: ប្រភពផេកហ្វេសបុក

កាលពីថ្ងៃ ព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២០ នៅសាលប្រជុំច្រកចេញចូលតែមួលរបស់សាលាខេត្តសៀមរាប មានកិច្ចប្រជុំផ្សព្វផ្សាយអំពីការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រង និងការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយខេត្តសៀមរាប ដែលដឹកនាំដោយលោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត និងមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោក នាយកទីចាត់ការអន្តរវិស័យ និងលោក ប្រធាន លោក លោកស្រី អនុប្រធានអង្គភាពច្រកចេញចូលតែមួយ លោក ប្រធានមន្ទីរពាក់ព័ន្ធចំនួន១២វិស័យ និងតំណាងលោក លោកស្រី ជាមន្រ្តីផ្នែកជួរក្រោយផងដែល។

កិច្ចប្រជុំនេះគឺដើម្បីផ្សព្វផ្សាយ និងណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្រ្តីផ្នែកជួរក្រោយឲ្យបានយល់កាន់តែច្បស់អំពីសារសំខាន់នៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា ដែលជួយបង្កលក្ខណៈងាយស្រួលក្នុងការពិនិត្យតាមដាន និងគ្រប់គ្រងនៃចរន្តលិខិតស្នាមផ្សេៗ។

សូមបញ្ចាក់ដែលថា ដោយមានការរីកចំរើននៃបច្ចេកវិទ្យាព័ត៌មានវិទ្យានៅក្នុងយុគសម័យឌីជីថល និងដើម្បីឆ្លើយតបទៅនិងការវិវឌ្ឍន៍ឧស្សាហកម្ម ៤.០ និងម្យ៉ាងវិញទៀតដើម្បីបង្កលក្ខណៈក្នុងការពិនិត្យតាមដាន និងគ្រប់គ្រងនៃចន្តរការលិខិតស្នាមសេវា នាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានផ្តួចផ្តើមរៀបចំបង្កើតឡើងនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងការផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែលជាលក្ខណៈកម្មវិធីអនឡាញ និងឈានទៅរកការចុះបញ្ជីស្នើសុំសេវាតាមរយៈអនឡាញផងដែរ។ ការរៀបចំបង្កើតនូវកម្មវិធីនេះ គឺជាផ្នែកកំណែទម្រង់មួយក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រកចេញចូលតែមួយ ប្រកបដោយតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវ។

មួយវិញទៀត បច្ចប្បន្ននេះ ក្រុមការងារនាយកដ្ឋាន មុខងារ និងធនធាន បាននឹងកំពុងរៀបចំកម្មវិធីវិទ្យាសម្រាប់គ្រប់គ្រង និងការផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដោយដាក់ឲ្យប្រើសាកល្បងក្នុងរាជធានីខេត្ត ចំនួន០៩ ក្នុងនោះក៏មានខេត្តសៀមរាបយើងផងដែរ ហើយនឹងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តទាំង២៥ នៅថ្ងៃទីមួយខែកញ្ញា ឆ្នាំ២០២០ នាពេលខាងមុខនេះ៕