កិច្ចប្រជុំលើកទី២ នៃក្រុមការងារបច្ចេកទេស ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព និងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្រ្ត និងផែនការសកម្មភាពសេដ្ឋកិច្ចចក្រា

ចេញផ្សាយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០
ដោយ = ស្ម័គ្រជាតិ

ខេត្តសៀមរាប =​ ព្រឹកថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨ នឹង ៣០នាទី ទីក្នុងសាលប្រជុំ របស់សណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប មានការបើក កិច្ចប្រជុំលើកទី២ នៃក្រុមការងារបច្ចេកទេស ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព និងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្រ្ត និងផែនការសកម្មភាពសេដ្ឋកិច្ចចក្រា ក្រោមអធបតីភាព ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោកស្រីបណ្ឌិត Moeko Saito Jensen (ម៉ូអិកុ សៃតុ ជែនសិន)តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំនៅកម្ពុជា លោកជំទាវ ងិន លីណា អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់។
ក្នុងឱកាសនេះដែរ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តបានមានមតិថា កិច្ចប្រជុំ និងសិក្ខាសាលា ដែលបានរៀបចំឡើងដោយ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ ពោលគឺ ការបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្តីពីការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព ស្របពេលនឹងកំណើនសេដ្ឋកិច្ចកើនឡើងគួរឱ្យកត់សម្គាល់។ តាមរយៈកំណើនសេដ្ឋកិច្ចនេះ បានធ្វើឲ្យ កម្រិតជីវភាពរស់នៅរបស់ប្រជាជនប្រសើរឡើង និងមានតម្រូវការប្រើប្រាស់ កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលទាំងនេះជាកត្តាមួយធ្វើឲ្យបរិមាណសំណល់មានការកើនឡេីងផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម វ៉ាន់ មុនីនាថ ក៏បានមានប្រសាសន៍ថា ដោយយោងលើភាពជោគជ័យនៃការអនុវត្ត អនុក្រឹត្យលេខ ១៦៨ អនក្រ.បក ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិកដែលតម្រូវឱ្យគិតថ្លៃលើថង់ប្លាស្ទិក ក្រុមការងារសម្រាប់គ្រប់គ្រងសំណល់ប្លាស្ទិក មានគោលបំណងបន្តអនុវត្តវិធានការអាទិភាពមួយចំនួនប្រឆាំងនឹងសំណល់ប្លាស្ទិក ហើយថ្មីៗនេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព ដូចមានចែងក្នុងសេចក្តីសម្រេចលេខ ០០៤ សសរ.ក.ជ.អ.ច. ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០កន្លងមក។
សូមបញ្ជាក់ដែលថាចំពោះកិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗពាក់ព័ន្ធនឹងសកម្មភាពដូចខាងក្រោម៖
– ណែនាំក្រុមការងារបច្ចេកទេសក្នុងការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព និងពិភាក្សាអំពីផែនការសកម្មភាព
– ផ្លាស់ប្តូរបទពិសោធន៍មួយចំនួន ស្តីពីសេដ្ឋកិច្ចចក្រាពាក់ព័ន្ធការគ្រប់គ្រងសំណស់
– ពិភាក្សា និងស្វែងរកធាតុចូលសំខាន់ៗ ពីកិច្ចប្រជុំសម្រាប់ជម្រើសសំណើសកម្មភាពនៃយុទ្ធសាស្រ្ត និងផែនការសកម្មភាព នៃសេដ្ឋកិច្ចចក្រា
– កំណត់តួរនាទី និងការទទួលខុសត្រូវនៃគោលដៅ និងវិស័យនានា ក្នុងការកំណត់ពេលវេលា សម្រាប់យុទ្ធសាស្រ្ត និងផែនការសកម្មភាព នៃសេដ្ឋកិច្ចចក្រា និងបង្កើតគម្រោងសាកល្បងសេដ្ឋកិច្ចចក្រាខ្នាតតូច៕