អាវុធហត្តក្រុងសិរីសោភ័ណប្រតិបត្តិការបង្រាបជនសង្ស័យចំនួន២នាក់រក្សាទុកខុសច្បាប់សារធាតុញៀន

ចេញផ្សាយថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០
ទំនាក់ទំនងផ្តល់ព័ត៌មាន 012871575/0882799939/0962831400

(បន្ទាយមានជ័យ)៖ ដោយកំណត់មុខសញ្ញាបានលើជនសង្ស័យ ទើបនៅវេលាម៉ោង១៤ និង៤៥នាទី ថ្ងៃទី០៧/១០/២០២០ កម្លាំង អ.ហ ក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វ/ត្រី យ៉ាន់ សុវណ្ណ មេ/ការ អ.ហ ក្រុង ចុះធ្វើប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ព្រមទាំងដកហូតសម្ភារៈវត្ថុតាងរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកក (ម្សៅក្រាមពណ៌សថ្លា) ចំនួន០២កូនថង់កិប ទម្ងន់០,៩៥ក្រាម, គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន០៣គ្រាប់ ទម្ងន់០,៤២ក្រាម, ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ បន្ទាយមានជ័យ. 1U-5043 ,និងសម្ភារៈមួយចំនួនទៀត ហើយបញ្ជូនមកមូលដ្ឋាន អ.ហ ក្រុងដើម្បីធ្វើការសាកសួរ។
លោក វ/ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ នៅចំណុចផ្សាររាត្រី ស្ថិតក្នុងភូមិ/សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត ប/ជ ១/-ឈ្មោះ ចន រាជ ហៅ រក្សា ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ/សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ត ប/ជ។ ២/-ឈ្មោះ រ៉ាត់ បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ/សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត ប/ជ ។ ជនសង្ស័យទាំងពីរនាក់ ក្រោយពីកម្លាំងជំនាញ អ.ហ ក្រុងសាកសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ដោយឡែកឈ្មោះ ចន រាជ ហៅ រក្សា ឆ្លើយសារភាពថា ខ្លួនគេពិតបានទិញគ្រឿងញៀនខាងលើនេះមករក្សាទុកដើម្បីប្រើប្រាស់ពិតប្រកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញ អ.ហ ក្រុង បានកសាងសំណុំរឿងបញ្ជនមកបញ្ជាការដ្ឋាន អ.ហ ខេត្ត ចាត់ការបន្ត។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អ.ហ ខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយ៕