កងកំលាំចំរុះចុះបង្រ្កាបឈើអារជ្រុង និងការដឹកជញ្ជូនជិត ១០ម៉ែត្រត្រីគុណ នៅស្រុកវាលវែង

ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៩ វេលា ម៉ោង 04:21pm

ខេត្តពោធិ៍សាត់៖ កម្លាំងចំរុះរួមមាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថ បរិស្ថាន និងមន្រ្ដីអង្កការ សហការបង្រ្កាបគំនរឈើអារជ្រុង និងការដឹកជញ្ជូនជិត ១០ម៉ែត្រត្រីគុណ ដើម្បីបំពេញសំណុំឯកសារចាត់ការបន្ត ។

ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចអូរល័ក្ខមាស ក្បែផ្ទះមន្រ្ដីយោធាឈ្មោះ ស្រី ដារ៉ា ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍មូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងឃើញថា លទ្ធផល៖ កម្លាំងសហការធ្វើការបង្រ្កាបបទល្មើសធនធានធម្មជាតិ(ឈើ) និងដកហូតចាប់យកវត្ថុតាងឈើអារជ្រុង និងគោយន្ដកន្រ្តៃផ្ទុកឈើពេញៗ ដើម្បីនាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកបាកាន ។

របាយការណ៍អាវុធហត្ថបន្តថា ឈើអារជ្រុងប្រភេទក្រៅលំដាប់ថ្នាក់(រាជកុល)មុខកាត់ធំល្មមចំនួន ០៦ដុំ ស្មើនឹងចំនួន ៤,១៥០ម៉ែត្រត្រីគុណ គោយន្ដកន្រ្តៃចំនួន ០៤គ្រឿងមានផ្ទុកឈើអារប្រភេទលេខ១ និងលេខ២(សុក្រំ និងឈើទាល)ពេញៗ សរុបចំនួន ១៦៧សន្លឹក ស្មើនឹងចំនួន ៤,៧៥០ម៉ែត្រត្រីគុណ ឈើទាំងបីប្រភេទសរុបចំនួន ៨,៩០២ម៉ែត្រត្រីគុណ ។

របាយការណ៍ដដែលបន្តទៀតថា បច្ចុប្បន្ន វត្ថុតាងឈើអារទាំងបីប្រភេទ ដែលមានចំនួន ៨,៩០២ម៉ែត្រត្រីគុណ និងគោយន្តកន្រ្តៃចំនួន ០៤គ្រឿង យកទៅរក្សាទុកជាបណ្ណោះអាសន្ន នៅទីស្នាក់ការមន្រ្ដីបរិស្ថានឧទ្យានជាតិជួរភ្នំក្រវាញភាគកណ្ដាល ដើម្បីរងចាំ និងបន្តនីតិវិធី ៕